New Post

Pages

General Knowledge

រឿង​រ៉ាវ​អស្ចារ្យ​ពី​​​បុគ្គល​ល្បី​​១០រូប បង្ហាញ​​មូលហេតុ​មិន​ត្រូវ​ចុះចាញ់​ក្នុង​ឆាក​ជីវិត

បញ្ហា តែង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​មិន​សុំ​ការ​អនុញ្ញាត​ជា​មុន​ឡើយ ហើយ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ជួប​ការ​លំបាក និង​ពេល​ខ្លះ​កាន់​តែ​ដុនដាប​ខ្លាំង។ បញ្ហា​ខ្លះ​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​បណ្ដោះអាសន្ន តែ​បញ្ហា​ខ្លះ​វិញ អាច​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​ពេញ​មួយ​ជីវិត​តែម្តង។ ទោះ​បី​ជា​អ្នក​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ចុះចាញ់​ឡើយ ហើយ​ត្រូវ​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងអស់ ដើម្បី​ទទួល​បាន​ជីវិត​ល្អ​ប្រសើរ​ឡើង​វិញ។

ជាក់ស្តែង ដូច​ជា​បុគ្គលិក​ទាំង​១០រូប​ខាងក្រោម​នេះ ​ពួកគេ​អាច​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ រហូត​អាច​យក​ឈ្នះ​លើ​ការ​លំបាក​ក្នុង​ឆាក​ជីវិត។

១) លោក Nick Vujicic

337855-650-1457442709-10

លោក Nick Vujicic រស់​នៅ​ដោយ​គ្មាន​ដៃ និងជើង ប៉ុន្តែ​ចិត្ត​ដ៏​អង់អាច​របស់​គាត់ មិន​បាន​បាក់​ទឹកចិត្ត​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត គាត់​បាន​ក្លាយ​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា អ្នក​អាច​ក្លាយ​ជា​មនុស្ស​ដែល​សប្បាយ​រីករាយ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​យ៉ាង​ណា​ក៏ដោយ។ គាត់​លេង​កីឡា​វាយ​កូនគោល ជិះ​ក្ដារ​លើ​ទឹក ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ផ្តល់​សុន្ទរកថា​ជំរុញ​ទឹកចិត្ត និង មាន​កូន​ចំនួន ២នាក់​ថែម​ទៀតផង។

២) លោក Bill Porter

337955-650-1457442709-926217-bill-porter

នៅ​ពេល​ដែល​អ្នក​មាន​គោល​ដៅ​មួយ ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​សម្រេច​វា ពេល​នោះ​ទោះ​ជា​អ្នក​មាន​ជំងឺ​អ្វី ក៏​មិនមែន​ជា​ឧបសគ្គ​សម្រាប់​អ្នក​ដែរ។ ជាក់​ស្តែង លោក Bill Porter កើត​មាន​អាការៈ​ពិការ​ខួរក្បាល តែ​គាត់​ចង់​ធ្វើការ​ជា​អ្នកលក់។ ក្រោយមក គាត់​បាន​សម្រេច​គោលដៅ​របស់​ខ្លួន ដោយ​បាន​ក្លាយ​ជា​អ្នកលក់​ឆ្នើម​បំផុត​នៅ​អាមេរិក។

៣) លោក Evgeny Smirnov

338405-650-1457442709-2

គ្មាន​រឿង​អ្វី​អាក្រក់​សម្រាប់​អ្នក​រាំ ជា​ជាង​ការ​បាត់បង់​សមត្ថភាព​រាំ​នោះ​ទេ។ តើ​ត្រូវ​ឲ្យ​អ្នក​ជំនាញ​រាំ​ធ្វើ​អ្វី នៅ​ពេល​ដែល​បាត់បង់​ជើង​ម្ខាង នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍? ចំពោះ​លោក Evgeny Smirnov ដែល​ជា​ជើងឯក​រាំ​ក្បាច់ Break Dance ជនជាតិ​រុស្ស៊ី នៅ​តែ​បន្ត​រាំ​ដដែល បើ​ទោះបី​ជា​គាត់​ត្រូវ​ប្រើ​ជើង​សិប្បនិម្មិត​ម្ខាង និង​រៀន​រាំ​សារ​ជា​ថ្មី​ម្តង​ទៀត​ក៏​ដោយ។

៤) នាង Olesya Vladykina

338155-650-1457442709-4

នាង Olesya Vladykina អាយុ២០ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​មួយ នៅ​ក្នុង​ប្រទេសថៃ បណ្តាល​ឲ្យ​បាត់បង់​ដៃ​ឆ្វេង​ម្ខាង និង​មិត្តសម្លាញ់​ម្នាក់។ ហេតុការណ៍​នោះ​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​នាង ប៉ុន្តែ​នាង​មិន​បាន​ចុះចាញ់​ឡើយ។ នាង​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ «Paralympic Games» ចំនួន​២លើក ហើយ​ប្រកួត​បាន​លេខ១ និង​បង្កើត​កំណត់ត្រា​ពិភពលោក​មួយ​ផងដែរ។ នាង​បដិសេធ​មិន​ប្រើ​ដៃ​សិប្បនិម្មិត​ឡើយ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ដោយ​ដៃ​ម្ខាង។

៥) លោក Sylvester Stallone (តួរ៉ាំបូ)

337755-650-1457442709-7

តើ​អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​មាន​សម្រស់​ស្រស់ស្អាត ដើម្បី​ក្លាយ​ជា​តារាសម្តែង​ដ៏​អស្ចារ្យ​ម្នាក់​ឬ? បើ​អ្នក​គិត​បែប​នេះ​មែន អ្នក​ពិត​ជា​ខុស​ហើយ។ លោក Sylvester Stallone ដែល​ដើរ​តួអង្គ​រ៉ាំបូ បាន​កើត​មក​ជា​មួយ​នឹង​អាការៈ របួស​ពី​កំណើត ដែល​បណ្តាល​ឲ្យ ផ្នែក​ខាងក្រោម​ខាងឆ្វេង​នៃ​មុខ​របស់​គាត់​ពិការ ហើយ​វៀច​មាត់​បន្តិច និង​និយាយ​ត្រដិត​តិចតួច​ដោយសារ​តែ​មាន​បញ្ហា​អណ្តាត ទៀតផង។

៦) លោក Andrea Bocelli

338205-650-1457442709-5

ភាព​ពិការ​ភ្នែក គឺ​ជា​ការ​បង្អត់​មនុស្ស​មិន​ឲ្យ​មាន​សមត្ថភាព ក្នុង​ការ​មើល​ឃើញ​ពិភពលោក ប៉ុន្តែ​មិនមែន​គ្មាន​អារម្មណ៍​ចំពោះ​វា​ឡើយ។ វា​ប្រហែល​ជា​ហេតុផល​មួយ ដែល​ជួយ​ឲ្យ​តារាចម្រៀង​បុរាណ​ពិការភ្នែក​ដ៏​ពេញនិយម ជនជាតិ​អ៊ីតាលី គឺលោក Andrea Bocelli ចែក​រំលែក និង​បំផុសគំនិត​ជាមួយ​ទស្សនិកជន តាម​រយៈបទ​ចម្រៀង​របស់គាត់។ លោក Andrea Bocelli មាន​កូន​ចំនួន៣នាក់ ហើយ​បាន​រៀបការ​សា​ជា​ថ្មី​ម្តងទៀត កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ គាត់​រីករាយ​នឹង​ជីវិត​របស់​គាត់។ គាត់​បាន​និយាយ​ថា ទោះ​បី​ជា​គាត់​គ្មាន​សមត្ថភាព​ដើម្បី​មើល​ឃើញ​ពិភពលោក​ដោយ​ភ្នែក​ទាំងគូ តែ​គាត់​នៅ​តែ​អាច​មើល​វា​ឃើញ ជា​មួយ​បេះដូង​របស់​គាត់។

៧) នាង Madeline Stuart

337805-650-1457442709-6

នៅ​ពេល​ដែល​អ្នក​មាន​ក្តី​សុបិន សូម្បី​តែ​ពិការ​ភាព​ក៏​មិន​អាច​បញ្ឈប់​អ្នក​ពី​ការ​សម្រេច​វា​បាន​ដែរ។ នាង Madeline Stuart បាន​កើត​មក​ជាមួយ​នឹង​អាការៈ​ខ្សោយ​បញ្ញា (Down Syndrome) តែ​ចង់​ក្លាយ​ជា​តារាម៉ូដែល​ដើរ​បង្ហាញ​ម៉ូត។ នាង​បាន​ចាប់​ផ្តើម​លេង​កីឡា និង​សម្រក​ទម្ងន់​រហូត​ដល់​ទៅ ២០គីឡូក្រាម។ បន្ទាប់​មក​នាង​បាន​ព្យាយាម​អស់​រយៈ​ពេល​ជា​យូរ ដើម្បី​ក្លាយ​ជា​តារាម៉ូដែល។ ចុង​ក្រោយ​នាង Madeline បាន​សម្រេច​ក្តី​សុបិន​របស់​នាង ដោយ​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតផល​សំលៀក​បំពាក់​កីឡា​សម្រាប់​ស្រ្តី ម៉ាក «Manifesta»។

៨) នាង Victoria Duval

338355-650-1457442709-3

កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក អាយុ២០ឆ្នាំ នាង Victoria Duval កើត​មាន​ជំងឺ​មហារីក​កូន​កណ្តុរ (Hodgkin Lymphoma) ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ហ្វឹក​ហាត់ និង​ទទួល​បាន​ជោគជ័យ​លើ​ការប្រកួត ដើម្បី​មាន​ឱកាស​ចូលរួម​ប្រកួត​វាយ​កូន​បាល់​ធំ​បំផុត «Grand Slam»។

៩) នាង Chantelle Brown Young

337705-650-1457442709-8

ភាព​ស្រស់ស្អាត​របស់​តារាម៉ូដែល​ស្រី​ម្នាក់​នេះ​គឺ​ពិត​ជា​ចម្លែក។ កាល​នៅ​ពី​ក្មេង នាង Chantelle បាន​ដឹង​ថា នាង​កើត​មាន​ស្បែក​ពពាល ស្ទើរ​តែ​ពេញ​រាងកាយ​ទាំងមូល។ ដោយសារ​តែ​មាន​រូបរាង​ល្អ​ឥតខ្ចោះ និង​មាន​មុខមាត់​យ៉ាង​ស្រស់ស្អាត នាង​បាន​សម្រេច​ចិត្ត​បង្វែរ​គុណវិបត្តិ ឲ្យ​ក្លាយ​ជា​គុណសម្បត្តិ​វិញ ដោយ​បច្ចុប្បន្ន​នេះ​នាង​គឺ​ជា​តារា​ម៉ូដែល​ដ៏​ល្បី​ឈ្មោះ​ម្នាក់។

១០) នាង Ksenia Bezuglova

337905-650-1457442709-9

ស្រ្តី​ជា​ម្តាយ​កូន២ ជនជាតិ​អ៊ីតាលី​រូប​នេះ គឺ​ជា​ម្ចាស់​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​សម្រស់ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​រទេះរុញ។ នាង​គឺ​ជា​សកម្មជន​សង្គម ដែល​ចង់​ធ្វើ​ឲ្យ​បរិយាកាស​សម្រាប់​មនុស្ស​ដែល​ប្រើប្រាស់​រទេះរុញ កាន់តែ​មាន​ផាសុកភាព។ នាង​គឺជា​មនុស្ស​ម្នាក់​ដែល​សប្បាយ​រីករាយ​នឹង​ជីវិត​របស់​នាង ហើយ​មាន​គម្រោង​ជា​ច្រើន។ គំនិត និង សុទិដ្ឋិនិយម​គ្មាន​ដែន​កំណត់​របស់​នាង គឺ​ជា​ឧទាហរណ៍​ដ៏​ភ្លឺ​ស្វាង​មួយ​ដែល​បញ្ជាក់​ថា អ្នក​អាច​យក​ឈ្នះ​លើ​អ្វី​គ្រប់​យ៉ាង​ទាំងអស់ ៕
ប្រភពៈ news.sabay.com.kh
ស្គាល់ខ្លួនឯង ពីការអប់រំឥរិយាបថ

ស្គាល់ខ្លួនឯង ពីការអប់រំឥរិយាបថ

ឥរិយាបថ គឺបង្ហាញពី អត្ដចរិតល្អ និងអាក្រក់ លោកអ្នកគ្រប់រូបតែង ចង់ឱ្យខ្លួនឯងក្លាយជា មនុស្សដែលមាន ឥរិយាបថល្អ ស្គាល់ខ្លួនឯងច្បាស់ ចេះប្រើប្រាស់ សមត្ថភាពរបស់ខ្លួន និងអាចដោះស្រាយគ្រប់ បញ្ហាបាន។ មនុស្សគ្រប់រូបក៏ប្រាថ្នាចង់ បានអនាគត មួយដែលពោរពេញ ទៅដោយភាពជោគជ័យ ក្នុងឆាកជីវិត។ ទន្ទឹមនឹងការចង់បាននេះ ភាពជោគជ័យទាំងឡាយក៏ កើតចេញពីការ តស៊ូ ព្យាយាម និងភាពអំណត់ផងដែរ ដែលតម្រូវឱ្យមនុស្ស គ្រប់រូបចេះត្រិះរិះពិចារណា និងដោះស្រាយ គ្រប់បញ្ហាដែល កំពុងជួបប្រទះដោយវិធីមួយដែល ល្អបំផុត សម្រាប់ខ្លួនឯង និងអ្នកដទៃ។
លោក សាំង សុខជា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌល អប់រំឥរិយាបថ បកស្រាយពីការអប់រំឥរិយាបថ តាមរយៈគេហទំព័រសុខភាពកម្ពុជា។
ការអប់រំឥរិយាបថ
ការអប់រំឥរិយាបថគឺជាការឱ្យដឹង ស្គាល់ និងយល់ច្បាស់ពីខ្លួនឯងថាខ្លួនកំពុងធ្វើអ្វី នឹងត្រូវត្រៀមធ្វើអ្វីខ្លះចំពោះខ្លួននាពេល អនាគត។ ការអប់រំឥរិយាបថនឹងធ្វើឱ្យលោកអ្នកស្គាល់ពីអតីតកាល និងអាចដោះស្រាយរឿងរ៉ាវពីអតីតកាលឱ្យជ្រះស្រឡះពីក្នុងចិត្ដ ដើម្បីកសាងខ្លួនឱ្យបានល្អនាពេលបច្ចុប្បន្ន។
ហេតុអ្វីបានជាត្រូវការអប់រំកែប្រែឥរិយាបថ?
ការអប់រំឥរិយាបថជាកត្ដាជួយធ្វើឱ្យលោកអ្នកបានទទួលការអប់រំ កាន់តែច្រើន និងទទួលបានអត្ថ ប្រយោជន៍ពីការអប់រំ ឥរិយាបថ។ ជាចាំបាច់សម្រាប់មនុស្សគួរតែ មានការអប់រំឥរិយាបថ ដើម្បីឱ្យខ្លួនឯងស្គាល់ ខ្លួនឯងកាន់តែច្បាស់ថែមទៀត។ នៅពេលដែលមនុស្សម្នាក់់ មិនទាន់យល់ច្បាស់ពីអ្វី ដែលខ្លួនឯងត្រូវការ ថាខ្លួនឯងកំពុងធ្វើអ្វី បុគ្គលម្នាក់នោះមានបញ្ហា ដ៏ស្មុគស្មាញដែលមិន អាចដោះស្រាយបាន ដោយសារតែមិនទាន់ស្គាល់ ច្បាស់ពីខ្លួនឯង និងមិនដឹងពី ដំណោះស្រាយដ៏ល្អ។ ការអប់រំឥរិយាបថ នឹងធ្វើឱ្យបុគ្គល នោះបានដឹងពីអ្វីសំខាន់ដែលខ្លួនមាន ហើយដឹងពីអ្វីដែលខ្លួន មិនដឹង ដើម្បីឱ្យលោកអ្នកបានចេះ ហើយអាចទៅធ្វើការ ទំនាក់ទំនងជា មួយអ្នកដទៃបាន។
ខ្លួនឯងគិតថាធ្វើត្រូវរហូត
មានលោកអ្នកមួយចំនួនតែងយល់ថាខ្លួនឯងត្រូវរហូត រាល់កិច្ចការអ្វីដែលបានធ្វើ ដោយមិនបានមើល ពីកំហុសខ្លួនឯង ដើម្បីធ្វើការ ស្ថាបនានោះទេ។ មនុស្សបែបនេះអាច ទទួលភាពបរាជ័យបានគ្រប់ពេលវេលា ដោយសារតែខ្លួនមើលខ្លួនឯងមិនឱ្យ គ្រប់ជ្រុង ជ្រោយ។ មនុស្សដែលមិនព្រម ទទួលយកការពិត និងប្រកែកពីកំហុស របស់ខ្លួន គឺជាមនុស្សដែល មិនឱ្យតម្លៃទៅលើ ខ្លួនឯង។ ដូច នេះលោកអ្នកត្រូវយល់ថាការទទួលស្គាល់នូវកំហុសរបស់ខ្លួនមិនត្រឹមតែ ឱ្យអ្នកដទៃសរសើរពី ទង្វើរបស់យើងនោះទេ គឺថែមទាំងធ្វើ ឱ្យលោកអ្នកក្លាយទៅជាមនុស្ស ដែលមានការទទួលខុសត្រូវខ្ពស់ និងជាមនុស្សដែលមានឥរិយាបថល្អ ថែមទៀតផង។ មួយវិញទៀត ការដែលមិនព្រមបញ្ចេញ ពីសមត្ថភាពរបស់ខ្លួននោះ គឺមិនមែនជារឿងល្អនោះទេ ផ្ទុយទៅវិញគេអាចវាយតម្លៃថា មនុស្ស ប្រភេទនេះ ប្រៀបដូចសត្វពង្រូល។ លោកអ្នកប្រាកដជាមិនចង់ឮនូវពាក្យទាំងនេះទេ លោកអ្នកត្រូវយល់ឱ្យច្បាស់ ត្រូវបង្ហាញសមត្ថភាពដែល ខ្លួនអាចធ្វើបាន បើទោះបីជាវាស្ថិតក្នុង កម្រិតណាក៏ដោយ ព្រោះសមត្ថភាពមនុស្សម្នាក់ៗ មិនអាចមានដូចគ្នា ទាំងអស់នោះទេ អ្វីដែល គេមានយើងមិនអាចមាន តែអ្វីដែលគេមិនមាន គឺយើងអាចមាន។
បញ្ហាដែលត្រូវប្រឈមមុខនៅពេលដែលមិនទាន់ស្គាល់ខ្លួនឯង
មិនមែនបានន័យថាលោកអ្នកត្រូវតែទទួល ការអប់រំឥរិយាបថ ទើបបានស្គាល់ពីខ្លួនឯងនោះទេ គឺអ្នកនោះត្រូវរៀនសូត្រ ស្គាល់ពីរ សជាតិជីវិត ហើយសំខាន់បំផុតនោះគឺបានស្គាល់ពីខ្លួនឯងយ៉ាងច្បាស់ ដើម្បីអ្នកទាំងនោះក៏ជាមនុស្សមួយរូបដែលទទួលភាព ជោគជ័យក្នុងឆាកជីវិតដែរ។ ការដែលមិនបានទទួលការអប់រំឥរិយាបថ មិនមែនមនុស្សគ្រប់គ្នាមិនអាចស្គាល់ខ្លួនឯងនោះទេ ប៉ុន្ដែអ្វីដែលជាចំណុចសំខាន់បំផុតពីការអប់រំឥរិយាបថនេះ គឺធ្វើឱ្យមនុស្សគ្រប់រូបកាន់តែជឿជាក់លើខ្លួនឯង មានទំនុកចិត្ដចំពោះខ្លួនឯងខ្ពស់ និងឱ្យតម្លៃចំពោះខ្លួនឯង។ ការអប់រំកែប្រែឥរិយាបថជា កត្ដាសំខាន់ដែលបង្ហាត់បង្ហាញ ឱ្យខ្លួនឯងស្គាល់ កាន់តែច្បាស់ ពីអត្ដចរិតរបស់ខ្លួន មនុស្សដែលស្គាល់ ខ្លួនឯងគឺងាយទទួលបានភាពជោគជ័យក្នុងឆាកជីវិត ច្រើនជាងអ្នកដែលមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង។ នៅពេលដែលមនុស្ស មិនទាន់ស្គាល់ខ្លួនឯងច្បាស់ មានបញ្ហាជាច្រើនដែល កើតមានដូចជាការមិន ហ៊ានបញ្ចេញ ពីសមត្ថភាពអ្វីដែលខ្លួនមាន ការប្រឈមមុខនឹងរឿងបរាជ័យ មិនអាចទទួលបានសុភមង្គល ក្នុងជីវិត ការទទួលភាពជោគជ័យ មានកម្រិតទាប អ្វីដែលសំខាន់នោះគឺ ខ្លួនឯងមិនអាចជួយខ្លួនឯងបានទេ។
សារៈប្រយោជន៍នៃការអប់រំឥរិយាបថ
ការដែលលោកអ្នកបានទទួលការអប់រំដ៏ល្អមួយ លោកអ្នកនឹងក្លាយជាមនុស្សដែលចេះប្រើប្រាស់ សមត្ថភាពខ្លួនមាន យល់ច្បាស់ ពីតម្លៃនៃជីវិត អាចដោះស្រាយរាល់បញ្ហា ទទួលបាននូវសុភមង្គលក្នុងជីវិត ចេះរៀបចំពីអនាគតខ្លួនឯង។ រាល់ទង្វើដែលបាន ប្រព្រឹត្ដសុទ្ធតែជាអំពើគប្បី ចេះបែងចែកអ្វីដែលល្អ និងអាក្រក់ ហើយអ្វីដែលសំខាន់ បំផុតនោះគឺនឹងអាចទទួលបាន ភាពជោគជ័យក្នុង ឆាកជីវិត។ ដើម្បីទទួលបានការអប់រំឥរិយាបថ មួយដ៏ល្អគឺអាចធ្វើឡើង ពីចំណេះដឹងដែលខ្លួនមាន ដោយបុគ្គលនោះចេះ បង្រៀនខ្លួនឯង បានរៀនមើលពីអ្វីៗដែល ជាអំពើល្អនៅជុំវិញខ្លួន និងបានមកពីការបង្ហាត់បន្ថែម ពីអ្នកដទៃសម្រាប់ខ្លួន។ មួយវិញទៀតការអប់រំ ឥរិយាបថ ក៏ជាប្រយោជន៍មួយសម្រាប់ សុខភាពផ្លូវចិត្ដផងដែរ ព្រោះមនុស្សអាចបាន ស្គាល់ខ្លួនឯង តស៊ូលំបាក ជាមួយបញ្ហាដែល កំពុងប្រឈមមុខ និងឱ្យតម្លៃជីវិត មិនគិតអ្វីដែលជាអំពើអគតិដូច ជាការធ្វើអត្ដឃាត ជាដើម។
ដំបូន្មានអ្នកជំនាញ
លោកអ្នកត្រូវចេះប្រើប្រាស់នូវសមត្ថភាពអ្វីដែលខ្លួនមាន បែងចែកអ្វីដែលល្អ និងអាក្រក់ឱ្យដាច់ពីគ្នា។ ជាកត្ដាសំខាន់ណាស់ ដែលយើង ម្នាក់ៗចាំបាច់ត្រូវគិតគូរឱ្យបានល្អពីឥរិយាបថ របស់់ខ្លួន ដោយសួរថាខ្ញុំស្គាល់ ខ្លួនឯងទេ។ នៅពេលដែលយើងអាច ឆ្លើយបាន និងបានស្គាល់ច្បាស់ ពីខ្លួនឯងហើយនោះ យើងនឹងក្លាយទៅជាមនុស្ស ម្នាក់ដែលមានឥរិយាបថល្អ ហើយភាព ជោគជ័យក្នុង ឆាកជីវិត នឹងទន្ទឹងរង់ចាំយើងនាថ្ងៃអនាគត៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com